ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, ក្នុងដំណើរទៅចូលរួមកម្មវិធីព្រះពុទ្ធសាសនា គោរពថ្វាយព្រះរាជកុសល្យព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ ១០ ឆ្នាំ តាមការអញ្ជើញនិងរៀបចំដោយព្រះចៅអធិការវត្ត Royal Grand Hall of Buddhism (Nenbutsushu Temple) ខេត្ត Hyogo ភាគកណ្តាលប្រទេសជប៉ុន។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្រុង Osaka លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានឆ្លៀតពេលជួបពិភាក្សាជាមួយលោក Hisashi Horii អគ្គនាយក នាយកដ្ឋានកិច្ចការបរិស្ថាន រដ្ឋបាលសាលាក្រុង Osaka, លោក Ota Masaya សមាជិកក្រុមប្រឹក្សាភិបាលក្រុង ព្រមទាំងសហការី អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រុង Osaka និងស្ថាប័នកម្ពុជា ដែលកន្លងមកសាលាក្រុង Osaka បានផ្តល់ជាអំណោយរថយន្តដឹកសម្រាមប្រើប្រាស់រួច តែនៅមានគុណភាពល្អ ចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានកម្ពុជា តាមរយៈសមាគមជប៉ុន កម្ពុជា (JCA) និងស្ថានទូតកម្ពុជា។
សូមបញ្ជាក់ថា, ជាលទ្ធផល ភាគីសាលាក្រុងអូសាកាបានបញ្ជាក់ថានឹងផ្តល់រថយន្តដឹកសម្រាមប្រើប្រាស់ហើយចំនួន ១០ គ្រឿងទៀត ដល់ភាគីកម្ពុជានៅចុងឆ្នាំ ២០២២ នេះ ។ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណចំពោះអំណោយរបស់សាលាក្រុង Osaka ដែលជាការរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានល្អនៅកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការល្អ រវាងជប៉ុន កម្ពុជានឹងត្រូវបានពង្រឹងពង្រីកកាន់តែធំធេងថែមទៀត៕
ដោយ ៖ សហការី