ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅថ្ងៃត្រង់ថ្ងៃសៅរ៍ទី១៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជាភ្នាក់ងារពេទ្យសត្វ នៅតាមមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ជាសមាជិក សមាជិកា សហគមន៍តំបន់ការពារធម្មជាតិ កាលពីម្សិលមិញនេះនៅក្នុងខេត្តកំពង់ធំ។
លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា តាមរយៈគម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាព រស់នៅរបស់ពួកគាត់ ហើយក្នុងចំណោមមុខរបរទាំងនោះ មានការអភិវឌ្ឍផ្នែកកសិកម្ម ដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វនេះតែម្តង។
លោក សេង សោត បានបង្ហាញផងដែរថា គម្រោងពិព័រណ៍សហគមន៍ គឺយន្តការគាំទ្រយ៉ាងរឹងមាំជួយអភិវឌ្ឍ សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការបណ្តុះបណ្តាលចំណេះជំនាញផ្សេងៗ ប្រកបដោយ សក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិតរមួត រវាងសហគមន៍និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះគឺ ស៤ ដែលមានន័យថា សហគមន៍ សហការ សហគ្រិន និងសមិទ្ធិផល។
លោក ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹង គោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនក្នុងសហគមន៍មូលដ្ឋាន ដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផង និងបង្កើតការងារក្នុងកំរិតមូលដ្ឋានផងដែរ។ គម្រោងនេះពិតជាមានសារសំខាន់ និងផ្តល់នូវផលប្រយោជន៍ច្រើនបែបយ៉ាង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដែលជាសហគមន៍តំបន់ការពារធម្មជាតិ ជាអ្នកចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងអភិរក្សមរតកវប្បធម៌ ដែលមានក្នុងសហគមន៍ផងដែរ ។
លោកស្រី ម៉ុម ថានី បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និង ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងជួយបង្កើតជម្រើសមុខរបរ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្រៅពីការពឹងអាស្រ័យលើធនធានធម្មជាតិ ចូលរួមអភិរក្សប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋ និងចូលរួមបង្កើតទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។
លោកស្រី បានបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាល ធ្វើជាភ្នាក់ងារពេទ្យសត្វនាពេលនេះ បានបង្កើតឡើងតាមរយៈគម្រោងពិព័រណ៍សហគមន៍ របស់ក្រសួងបរិស្ថាន ដែលតរៀបចំឡើងសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបង្កើនជម្រើសមុខរបរ ដែលជួយឲ្យជីវភាព សហគមន៍តំបន់ការពារធម្មជាតិ មានការរីកចម្រើនរុងរឿង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចរៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១៩០សហគមន៍ នៅតាមតំបន់ការពារធម្មជាតិនានា ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើមរស់នៅទីនោះផងដែរ៕
ដោយ៖សហការី