នៅថ្ងៃទី១៧ខែតុលាខាងមុខនេះ រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអឺរ៉ុបនឹងពិភាក្សាគ្នាលើបញ្ហាអុីរ៉ង់ ដែលបានផ្តល់យន្តហោះគ្មានមនុស្សបើកបំពាក់អាវុធទៅឱ្យរុស្ស៊ី ។ អឺរ៉ុបអាចនឹងព្រមព្រៀងគ្នាដាក់ទណ្ឌកម្មទៅលើអុីរ៉ង់ ដោយសារតែសកម្មភាពទាំងនោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ៊ុយក្រែនបានប្រកាសឱ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក Shahed-136 ផលិតនៅក្នុងប្រទេសអុីរ៉ង់។ ប៉ុន្តែរដ្ឋាភិបាលអុីរ៉ង់ បានច្រានចោលការចោទប្រកាន់ខាងលើ ។ ចំណែករដ្ឋាភិបាលរុស្ស៊ីវិញមិនបានលើកឡើងពីបញ្ហាខាងលើនោះឡើយ។
យន្តហោះគ្មានមនុស្សបើក៣គ្រឿងគ្រប់គ្រងដោយកម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងក្នុងស្រុក Makariv ភាគខាងលិចទីក្រុងកៀវ នាដើមខែតុលា ។ មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកនោះផលិតនៅក្នុងប្រទេសអុីរ៉ង់ ដើម្បីវាយប្រហារបំផ្លាញគោលដៅសំខាន់ៗរបស់អ៊ុយក្រែន។
ក្រុមអ្នកឯកទេសវិភាគដែលគាំទ្ររុស្ស៊ីបានលើកឡើងថា ប្រទេសអឺរ៉ុបផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែនថាជារឿងត្រឹមត្រូវ ។ ចំណែកការផ្តល់ជំនួយអាវុធដល់រុស្ស៊ីគឺជារឿងខុសច្បាប់ ហើយទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ។ ទាំងនោះគឺជាការព្រួតដៃគ្នាដើម្បីកម្ចាត់ប្រទេស លោកខាងលិចចាត់ទុកថា ជាប្រទេសមិនស្តាប់តាមការរៀបចំរបស់ខ្លួន។
កាលពីមុនអារ៉ាប៊ីសាអ៊ូឌីត ទិញអាវុធពីអាមេរិករាប់សិបពាន់លានដុល្លារ ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាសម្ព័ន្ធមិត្តដ៏ល្អ ។ តែពេលនេះ អារ៉ាប៊ី សាអ៊ូឌីត មិនធ្វើតាមអាមេរិកក្នុងការដំឡើងផលិតប្រេងដោយកាត់បន្ថយវិញ អាមេរិកក៏ពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត ។ ទាំងនោះបញ្ជាក់ថា ស្តាប់អាមេរិកល្អ មិនស្តាប់ជាសត្រូវ ៕ ដោយ៖ ធីរីណា
រូបថត ៖ baotictuc.vn
រូបថត៖ AFP/TTXVN