ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានក្រឡាប់ផ្ងារជើងគងទៅលើមាត់លូខណៈដែលកំពុងបេីកសុខៗស្រាប់តែបែកយ៉ាន់ ធ្វើឱ្យផ្ទុះកង់មុខទាញរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជេីង តែសំណាងល្អ២នាក់ឪពុកកូនដែលនៅលើរថយន្តនោះមិនមានរងរបួស ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខរោងចក្រសីកូ ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃេីញ រថយន្ត ម៉ាកនីស្សាន់ ប្រភេទបែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1250 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកយ៉ាន់ផ្ទុះកង់មុខខាងស្តាំទាញចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជេីងគងទៅលើមាត់លូ ចាក់ដីចោលតាមចិញ្ចើមផ្លូវ ។
ក្រោយកើតហេតុ ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យមើលជាក់ស្តែងពុំបង្កហេតុការណ៍គ្រោះថ្នាក់ដល់អ្នកដទៃនោះក៏ឱ្យម្ចាស់ហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕
ដោយ៖សុខាសែនជ័យ