ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការហាមមន្រ្ដីសាធារណៈចូលជាសមាជិកបក្សនយោបាយ គឺជាការរំលោភសិទ្ធ

ចែករំលែក៖

ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលរយៈពេល ៥ឆ្នាំរបស់ក្រសួងយុត្តិធម៌កាលពីពេលថ្មីៗនេះលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបចំពោះការរិះគន់របស់ក្រុមមួយចំនួនយ៉ាងដូច្នេះថា មន្រ្ដីរាជការសាធារណៈ មានសិទ្ធិគ្រប់គ្រាន់អាចចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយ ហើយក៏អាចធ្វើសកម្មភាពនយោបាយបានដូចគ្នាដែរ ហើយសកម្ម ភាពនេះមិនមែនមានតែនៅកម្ពុជាទេ ពោលប្រទេសដទៃក៏បានធ្វើដូចគ្នា។ 

លោករដ្ឋលេខាធិការអះអាងទៀតថា ច្បាប់អន្ដរជាតិក៏មិនបានហាមមន្រ្ដីរាជការ ចូលជាសមាជិកបក្សនយោ បាយដែរ តែអ្វីដែលហាមគឺហាមការយកតួនាទីភារកិច្ចមកលាយឡំជាមួយសមាជិកភាពបក្ស ហើយអនុវត្តការងារដោយមានការលម្អៀង ឬរើសអើងប៉ុណ្ណោះ។

មន្រ្ដីក្រសួងយុត្តិធម៌រូបអះអាងបន្ថែមថា ច្បាប់មានចែងយ៉ាងច្បាស់អំពីការផ្ដល់សិទ្ធិជូនប្រជាជនមិនថាប្រជា ជនទូទៅ ឬក៏ជាមន្រ្ដីរាជការ នៅក្នុងការអនុវត្តសិទ្ធិនយោបាយ។ ចំពោះក្ដីបារម្ភថាប៉ះពាល់ដល់ប្រសិទ្ធិភាពការងារនោះ លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា នៅពេលដែលមន្រ្ដីរាជការរូបណាធ្វើការដោយលម្អៀងព្រោះតែនិន្នាការនយោបាយមន្រ្ដីនោះនឹងត្រូវទទួលទណ្ឌកម្មផ្នែកវិន័យ។

ការឆ្លើយតបអំពីផ្លូវច្បាប់ និងសិទ្ធិក្នុងការធ្វើនយោបាយនៅពេលនេះ គឺជាសារប្រាប់ទៅកាន់ក្រុមអ្នករិះគន់ដែលពូកែខាងរិះគន់ និងលើកក្ដីបារម្ភ ឲ្យបានភ្លឺភ្នែក ហើយយល់បានច្រើនជាងមុនអំពីបទបញ្ញត្តិច្បាប់ដែលមានចែង។ នាកន្លងមកគេបានឮជារឿយៗអំពីការ ចោទ ប្រកាន់របស់ក្រុមអ្នកប្រឆាំងទៅលើមន្រ្ដីរាជការ ដោយពួកគេថា មន្រ្ដីរាជការបានលួចម៉ោងបំពេញការងារទៅបម្រើបក្ស នាំឲ្យប៉ះពាល់ដល់ពេលវេលាធ្វើការងារបម្រើដល់ប្រជាជន និងបង្កើតបានជាអំពើពុករលួយ។ ថ្វីបើពួកគេចោទប្រកាន់បែបនេះក្ដី ប៉ុន្ដែគេក៏មិនដែលឃើញក្រុមអ្នកចោទនោះ យកភស្ដុតាងណាមួយទៅប្ដឹងមន្រ្ដីរាជការដែលពួកគេថាលួចម៉ោងរដ្ឋនោះដែរ គឺមានតែការពោលចោទប្រកាន់តែប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖