ព័ត៌មានទាន់ហេតុការណ៍៖

នៅរសៀលថ្ងៃទី១៧ ខែតុលាស្អែកនេះ ! លោក ឌិត ទីណា នឹងត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឌិត ទីណា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ តាមការគ្រោង គឺត្រូវប្រកាសចូលកាន់តំណែង  ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ពិធីនេះប្រកាសចូលតំណែងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមកម្មវិធីដែលបានរៀបចំ កំណត់ពេលវេលា កាលបរិច្ឆេទ និងគណៈអធិបតី ។ 

សូមជម្រាបជូនថា, រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាពលោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន និងសមាជិករដ្ឋសភាសរុប១១១រូប ទទួលបានសំឡេង១១១លើ១១១។

 ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖