ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនបរាជ័យនៅតំបន់ Kherson ប្រធានាធិបតី Zelensky ទទួលស្គាល់ពីផលលំបាក

ចែករំលែក៖

លោក Kirill Stremousov អនុប្រធានតំបន់ Kherson បានឱ្យដឹងថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងទាហានអ៊ុយក្រែនដោយមិនអនុញ្ញាតឱ្យទាហានអ៊ុយក្រែនវាយប្រហារមកលើតំបន់នេះឡើយ។
លោក Kirill Stremousov បានបញ្ជាក់ថា «អ៊ុយក្រែនបានបរាជ័យនៅក្នុងសង្គ្រាមវាយប្រហារមកលើតំបន់ Kherson ។ កម្លាំងទាហានរុស្ស៊ីបានបណ្តេញទាហានអ៊ុយក្រែនចេញពីតំបន់នេះទាំងស្រុងហើយ»។
ក្នុងពេលនេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានស្លាប់ទាហានអ៊ុយក្រែន៥០នាក់ ទូកល្បឿនលឿន៥គ្រឿង ស្រឡាង ២គ្រឿង រថក្រោះ៥គ្រឿង រថយន្តចម្បាំង៤គ្រឿង …។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastein Lecornu កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគាំទ្រលើសំណើមួយស្តីពីការផ្តល់ការហ្វឹកហាត់ដល់ កងទ័ពអ៊ុយក្រែនក្នុងចំនួនដ៏ច្រើនមួយនៅក្នុងប្រទេសបារាំង។
លោក ឡេគ័រនុយ បានប្រាប់សារព័ត៌មានក្នុងស្រុកដូច្នេះថា «លោកប្រធានាធិបតី ម៉ាក្រុង បានអនុញ្ញាតចំពោះផែនការបណ្តុះបណ្តាលមួយដែលនឹងអាចឱ្យទាហានអ៊ុយក្រែន រហូតដល់២,០០០នាក់ត្រូវបានស្វាគមន៍ឱ្យមកទទួលការហ្វឹកហាត់ នៅក្នុងប្រទេសបារាំង។ ពួកគេនឹងត្រូវមកហាត់រៀននៅតាមអង្គភាពរបស់យើងសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍»។
បើតាមលោករដ្ឋមន្រ្តីការពារជាតិបារាំង កន្លងមកទីក្រុងប៉ារីស ធ្លាប់បានស្នើផ្តល់ការហ្វឹកហាត់ ប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំសាអឺសារ (Caesar) ដល់ទាហានអ៊ុយក្រែន។ លោក ឡេគ័រនុយ បានឱ្យដឹងថា បារាំងបានប្រគល់ប្រព័ន្ធកាំភ្លើងធំ សាអីសារសរុប១៨គ្រឿងដល់អ៊ុយក្រែន ខណៈដែលកំពុងមានកិច្ចពិភាក្សាដើម្បីផ្តល់៦គ្រឿងថែមទៀត។
ប្រមុខការពារជាតិបារាំងរូបនេះ បានបន្តថា បារាំងក៏កំពុងពិចារណាលើការប្រគល់ប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែតផងដែរ ហើយលោកបានសន្យាថា បារាំងនឹងផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Crotale ដល់អ៊ុយក្រែនថែមទៀតផង។
កន្លងមក លោកម៉ាក្រុង បានអះអាងថា បារាំងនឹងប្រគល់ប្រព័ន្ធរ៉ាដា ក៏ដូចជាប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ក្រោមគោលបំណងជាពិសេសដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហារដោយមីស៉ីលនិងដ្រូន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ RIA)


ចែករំលែក៖