ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូវ៉ាជែងមិនផុតទាក់ដៃចង្កូតចូលក្រោមរថយន្តកិនស្លាប់នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ បើកម៉ូតូបន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខ តែវ៉ាជែងមិនផុត បានទាក់ដៃចង្កូត បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិនស្លាប់គួរឲ្យរន្ធត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២វេលាម៉ោង១៧ និង២១នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីទ្បូម៉ែត្រ ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន គីមរិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ចំណែកភាគីខាងរថយន្តម៉ាក HYUNDAI ពណ៌ស (ប្រភេទក្បាលសណ្តោង) ពាក់ស្លាកលេខ កំពង់ចាម 3A-6290 និងមានសណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 4A-1584 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

      ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-0224 បើកបរដោយឈ្មោះ អ៊ុន គីមរិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ពាក់មួកសុវត្តិភាព-ស្លាប់នៅកន្លែងកើតហេតុ)។ បើកបរមានទិសដៅពីត្បូងទៅជើង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ាជែងរថយន្តនៅខាងមុខមួយគ្រឿងដែលមានទិសដៅស្របគ្នាពីត្បូង ទៅជើង រថយន្តម៉ាក HYUNDAI ពណ៌ស (ប្រភេទក្បាលសណ្តោង) ពាក់ស្លាកលេខ កំពង់ចាម 3A-6290 និងមានសណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 4A-1584 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ពេលអ្នកបើកបរម៉ូតូបើកឡើងវ៉ារថយន្តខាងលើមិនផុត ក៏បានប៉ះដៃចង្កូតជាមួយសឺមីរ៉ឺម៉ក បណ្តាលឱ្យដួលម៉ូតូ និងខ្ទាតអ្នកបើកបរម៉ូតូចូលកង់សឺមីរ៉ឺម៉កផ្នែកខាងឆ្វេង កិនស្លាប់នៅកន្លែងកើតហេតុតែម្តង។

  ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកពញាឮបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។

 សេចក្តីសន្និដ្ឋាន៖ ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស មិនពិនិត្យស្ថានភាពផ្លូវនៅខាងមុខឱ្យបានច្បាស់លាស់មុននឹងបើកវ៉ាជែង៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖