ខេត្តកំពង់ធំ ៖ តាមរយៈការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាកសិករចំនួន១,៤២៦គ្រួសារនៅក្នុងខេត្តកំពង់ធំដែលរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ត្រូវបានទទួលពូជស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាលដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកជំនន់បានស្រក។
លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងតំណាង មន្ត្រីជាន់ខ្ពស់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនឹងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកពូជស្រូវ ចំនួន ១០០,០០០គីឡូក្រាម មកចែកជូនដល់កសិករដែលរងគ្រោះចំនួន ១,៤២៦គ្រួសារ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណសាលាស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែតាមដានរាល់សកម្មភាពការងារ របស់សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ ថ្នាក់ដឹកនាំ ជុំវិញការជួយដល់ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ ចំពោះជំនន់់ទឹកភ្លៀង គ្រប់បណ្តារាជធានី-ខេត្ត ៕
ដោយ : សិលា