ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ រងរបួសធ្ងន់ ក្នុងករណីរថយន្តកែច្នៃដឹកជ័រកៅស៊ូ១គ្រឿងបើកដាច់កង់មុខរេចង្កូតទៅបុកនឹងជញ្ជាំងផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី ៖ រថយន្តកែច្នៃដឹកជ័រកៅស៊ូ១គ្រឿងបើកដាច់កង់មុខរេចង្កូតទៅបុកនឹងជញ្ជាំងផ្លូវបណ្តាលឱ្យតៃកុង និងព្រូ រងរបួសធ្ងន់ ។ 

សូមបញ្ជាក់ថា៖ ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣៥នាទី ម្សិលមុិញ លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ។

បើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកបរកែវបានឱ្យដឹងថា ៖ ក្នុងករណីគ្រោះចរាចរណ៍ខាងលើនេះបណ្តាលឱ្យអ្នកបើកបរឈ្មោះ វោ ភេទប្រុស អាយុ៣២ឆ្នាំ(បាក់ជើង)និងព្រូរថយន្តឈ្មោះ សិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ (បាក់ជើង) ។ ជនរងគ្រោះ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយមូលហេតុ បណ្តាលឱ្យគ្រោះថ្នាក់គឺ បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត ។

បច្ចុប្បន្នវត្ថុតាងរថយន្តកែច្នៃ០១គ្រឿងនេះ រក្សាទុកជាបណ្ដោះអាសន្ននៅកន្លែងកើតហេតុ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចចាត់ចែងជួយអន្តរាគមន៍ បញ្ជូនទៅមន្ទីរពេទ្យស្រុកបរកែវ ខេត្តរតនគិរី ដើម្បីព្យាបាលមុខរបួស ៕

ដោយ៖ សហការី


ចែករំលែក៖