ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨% នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងកាត់ការបោះឆ្នោតស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ លោក លី ច័ន្ទតុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨% នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥ មានន័យថា អ្នកគាំទ្រចំនួន ២០១៦នាក់ និង សន្លឹកឆ្នោតមិនបានការចំនួន ២៩សន្លឹក បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០២២ អាណត្តិទី១៣ គឺមានចំនួនអ្នកគាំទ្រចំនួន ១៤៤៤សំឡេងស្មើនឹង៨៥%។ ទោះបីជាមិនមានបេក្ខភាពផ្សេងទៀតចូលរួមប្រកួតប្រជែង ប៉ុន្តែការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ នៅតែប្រព្រឹត្តិទៅតាមនីតិវិធីធម្មតា។

សូម បញ្ជាក់ថា, លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា , ចំពោះគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៨ ចំណុចរបស់លោក គឺលោក លី ច័ន្ទតុលា បានរំលឹកឡើងវិញដូចខាងក្រោម៖

១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមបទពិសោធតាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីតាមមាត្រា៣១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយយកគុណភាពនិងសមត្ថភាពជាគោល។

២៖ ពង្រឹងលើកកម្ពស់សមត្ថភាពមេធាវីតាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់និងផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស។

៣៖ ពង្រឹងកិច្ចសហការ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិនិងអន្តរជាតិ។

៤៖ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយ ដែលមេធាវីអាចផ្តល់ឱ្យអតិថិជន។

៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឱ្យអតិថិជនឱ្យកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។

៦៖ បង្កើតយន្តការផ្តល់តម្លៃនិងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។

៧៖ បន្តអនុវត្តនិងពង្រីកយន្តការសុខុមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទង នឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់និងមានជំងឺធ្ងន់ធ្ងរ។

៨៖ បង្កើនអន្តរកម្មរវាងគណៈមេធាវីនិងមេធាវី និងការផ្តល់សេវាឱ្យកាន់តែប្រសើរជូនដល់មេធាវីទាំងអស់។

លោក លី ច័ន្ទតុលា ដើម្បីអនុវត្តគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៨ ចំណុចនេះ គណៈមេធាវីបានដាក់ចេញនូវបេសកកម្មចំនួន ៣ គឺ៖

-ទី១៖ ការពង្រីកនិងពង្រឹងការចូលរួមបម្រើវិស័យយុត្តិធម៌

ដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន៥ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតកម្រៃ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ជនក្រីក្រ ជាពិសេសដល់ស្ត្រីនិងអនីតិជន។

-ទី២៖ ការពង្រឹងនិងលើកកម្ពស់តម្លៃវិជ្ជាជីវៈ សមត្ថភាព និងសុខុមាលភាពរបស់មេធាវីដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន១១ ក្នុងគោលបំណងពង្រឹងវិជ្ជាជីវៈមេធាវី និងតម្កល់ឧត្តមប្រយោជន៍វិជ្ជាជីវៈមេធាវីនិងមេធាវីជាចម្បង តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យលើការគោរពក្រមសីលធម៌និងវិធានវិជ្ជាជីវៈមេធាវី ការបង្កើនសមត្ថភាពដល់មេធាវី ការបង្កើតយន្តការផ្តល់ការលើកទឹកចិត្តដល់មេធាវីដែលមានស្នាដៃក្នុងការជួយដល់យុត្តិធម៌សង្គម វិជ្ជាជីវៈមេធាវី និងគណៈមេធាវី ការលើកកម្ពស់សុខុមាលភាពមេធាវី និងការទប់ស្កាត់ការប្រកបវិជ្ជាជីវៈមេធាវីដោយជនដែលមិនមែនជាមេធាវី។

-ទី៣៖ ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន៣ ក្នុងគោលបំណងផ្សព្វផ្សាយវិជ្ជាជីវៈមេធាវីនិងតួនាទីមេធាវីក្នុងសង្គមឱ្យកាន់តែទូលំទូលាយ និងពង្រីកទំហំការងាររបស់មេធាវី ព្រមទាំងផ្លាស់ប្តូរបទពិសោធនិងចែករំលែកចំណេះដឹងផ្នែកច្បាប់ក្នុងវិស័យផ្សេងៗទៀតដល់មេធាវី។ 

-លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោកក្នុងការដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាឆ្នាំទី២ ដែលលោកបានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញការងារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។

ទីបំផុត ! នៅរសៀលថ្ងៃដដែល លោក លី ច័ន្ទតុលា នៅតែទទួលបានការគាំទ្រច្រើនលើសលុបរហូតដល់ ៩៨,៥៨% នៃចំនួនអ្នកមកបោះឆ្នោតសរុប ២០៤៥ ៕

ដោយ ៖ សិលា


ចែករំលែក៖