ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំជីវភាពគណបក្សនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ «សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ការបម្រើប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្សគឺជាកត្តាសំខាន់ក្នុងការទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បងនៃជម្នះរបស់គណបក្សប្រជាជនកម្ពុជា»។ នេះគឺជាការថ្លែងរបស់ លោកសាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងកិច្ចប្រជុំជីវភាពគណបក្សនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។ កិច្ចប្រជុំជីវភាពគណបក្សក្រោមអធិបតីភាព លោក សាយ សំអាល់ ដោយមានការអញ្ជើញចូលរួមពី លោក គួច ចំរើន ប្រធានគណៈកម្មាធិការខេត្តព្រះសីហនុ និងសមាជិក សមាជិកាក្រុមការងារគណបក្ស និងសមាជិកចំណុះគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង សរុបជាង ៥០០នាក់។ 

លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់បន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជាទាំងមូល។ លោកប្រធានក្រុមការងារបានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាដើម្បីបុព្វហេតុប្រជាជន។ ជាមួយគ្នានេះ លោកប្រធាន ក្រុមការងារបានលើកឡើងថាក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តព្រះសីហនុ ជួយមូលដ្ឋានដើម្បីអនុវត្តគោលនយោ បាយគណបក្សឱ្យជោគជ័យ ដើម្បីជួយកសាងនិងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហានានាទាក់ទងនឹងការបោះឆ្នោត  និងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការ។ 

នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះផងដែរ ក៏មានការដាក់ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីផែនការរួឦឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំផែនការការងារច្បាស់លាស់នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការអនុវត្តការងារ និងមានភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខ។ លោក បានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តព្រះសីហនុសម្រេចបានជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងកសាងខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានការរៀបចំនូវផែនការមេប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍតំបន់សេដ្ឋពិសេសគំរូពហុបំណងខេត្តព្រះសីហនុ។ លោកប្រធានក្រុមការងារក៏បានលើកឡើងពីសក្តានុពលជាច្រើនទៀតដែលខេត្តព្រះសីហនុមានក្នុងនោះមានកំពង់ផែ កោះដែលមានសក្តានុពលទេសចរណ៍ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ រោងចក្រផលិតអគ្គិសនី ហើយខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍មួយដ៏មានសក្តានុពលបំផុត។ 

ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដដែល លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានជួបប្រជុំជាមួយក្រុមការងារយុវជន បក្ស ក្រុមចលនាស្ត្រី ជនបង្គោលឃុំសង្កាត់ ប្រធានកម្មករនយោជិត ប្រធានយុវជនក្រុងស្រុក ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលដែលសម្រេចបាន និងការចូលរួមផ្សព្វផ្សាយពីសមិទ្ធផលទាំងនោះឱ្យបានទូលំទូលាយ។ លោកបានថ្លែងថា យើងទាំងអស់គ្នាមិនមែនត្រឹមតែជាសមាជិកបក្សក្នុងរចនាសម្ព័ន្ធ ប៉ុណ្ណោះទេ តែក៏ជាឃោសនិកដ៏សកម្មរបស់គណបក្សផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖