ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំដែងការសោកស្ដាយនិងក្រើនរំលឹកឲ្យអាជ្ញាធរមានការបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងពេលដែលមានទឹកជំនន់ ដើម្បីការពារអាយុជីវិតពលរដ្ឋ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលប្រមាណ ១០វិនាទីដើម្បីគោរពវិញ្ញាណក្ខន្ធដល់សិស្សទាំង ១១នាក់ដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកក្នុងស្រុកលើកដែក ខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុកហេតុការណ៍នេះ គឺជាសោកនាដកម្មមួយសម្រាប់ប្រទេសកម្ពុជា ក្នុងនោះផងដែរសម្ដេចក៏បានថ្វាយអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមរំលែកទុក្ខក៏ដូចជាចូលរួមជួយទៅដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
សម្ដេចតេជោ ហ៊ុនសែន ក៏លើកឡើងផងដែរថា ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីស្មារតីសាមគ្គីភាពក្នុងចំណោមរបស់ប្រជាជនកម្ពុជាដែលបានឈឺឆ្អាលទៅលើសុខទុក្ខរបស់ប្រជាជន។
ករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោងប្រមាណ ៧ល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យលិចទូកដរ បានបណ្ដាលឱ្យសិស្សសាលាចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិត។
បច្ចុប្បន្នអាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទូក២នាក់បងប្អូន និងអ្នកបើកបរទូកសរុបចំនួន ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីសួរនាំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយដល់កម្មវិធីបុណ្យ ក្នុង១សព ចំនួន ២០លានរៀល ៕
ដោយ ៖ សិលា