ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ទៅត្រូវជើងបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុនៅលើស្ពានស្ទឹងមានជ័យ

ចែករំលែក៖

     ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជនីភ្នំពេញ។

     តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់  ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។

     បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងខ្លីបាញ់ចំនួនពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូរឈាមរងរបួសធ្ងន់។  ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យកន្លែងកើតហេតុ ហើយបានប្រាប់ថាជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នា។ បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចរកឃើញមួយគ្រាប់យកមកទុកប្រគល់ឱ្យជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖