ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកបុករថយន្តបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ១៩៧០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BN 3290 បើកបរដោយយុវជនម្នាក់បើកឆ្លងផ្លូវហាណូយក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1S 2514បើកបរដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ជ្រុលទៅបុកចំកង់រថយន្តព្រូសផ្នែកខាងស្ដាំពេញទំហឹង រួចម្ចាស់ម៉ូតូផ្លោងបោកទៅនឹងកញ្ចក់រថយន្តបណ្តាលឲ្យរងរបួសស្រាល ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖