ក្រសួងការបរទេសចិន បានប្រកាសអំពាវនាវដល់ពលរដ្ឋចិនឱ្យចាកចេញពី ប្រទេសអ៊ុយក្រែន ជាបន្ទាន់ដោយសារស្ថានភាពនៅទីនោះកាន់តែអាក្រក់ទៅៗ។
ការប្រកាសត្រូវបានបង្ហោះនៅលើបណ្តាញសង្គម WeChat ផ្លូវការរបស់ក្រសួងការបរទេសចិន ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពនៅអ៊ុយក្រែនពិតជាធ្ងន់ធ្ងូរ ក្រសួងការបរទេសនិងស្ថានទូតចិននៅអ៊ុយក្រែន សូមអំពាវនាវដល់ពលរដ្ឋចិនដែលមិនទាន់ចាកចេញពីអ៊ុយក្រែន ត្រូវប្រញាប់ចាកចេញជាបន្ទាន់។
ស្ថានទូតចិននៅក្នុងប្រទេសអ៊ុយក្រែន ក៏បានជួយ ជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ុយក្រែនផងដែរ។ ដូច្នេះពលរដ្ឋចិនប្រញាប់ទំនាក់ទំនងជាមួយស្ថានទូតដើម្បីចាកចេញដោយសុវត្ថិភាព ។
សកម្មភាពខាងលើបង្កក្តីបារម្ភកាន់តែខ្លាំង ពីការវាយប្រហារពីរុស្ស៊ីទៅលើទីក្រុងធំៗរបស់អ៊ុយក្រែន ។ កន្លងមករុស្ស៊ីបានបើកការវាយប្រហារ ដោយមីស៊ីលរាប់រយដើមទៅលើទីក្រុងអ៊ុយក្រែន ក្នុងនោះមានរដ្ឋធានីគៀវ ជាការសងសឹកដល់អ៊ុយក្រែនបំផ្ទុះគ្រាប់រំសេវបំផ្លាញស្ពានគ្រីមៀ បើទោះបីរុស្ស៊ីបានព្រមានហើយក្តី៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS