ព័ត៌មានទាន់ហេតុការណ៍៖

អង្គការបណ្ដុះបណ្ដាលសហគមន៍ដើម្បីអភិវឌ្ឍន៍ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ អង្គការបណ្ដុះបណ្ដាលសហគមន៍ដើម្បីអភិវឌ្ឍន៍ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ 

អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍ សូមស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំងពាក់ព័ន្ធ ករណី បរិហារកេរ្ដិ៍ដែលបង្កឡើងដោយជនអគតិ ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោនាយក រដ្ឋមន្ត្រី។ ការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ គឺជាជោគជ័យរបស់កម្ពុជា និងបង្ហាញកាន់តែច្បាស់ពីគុណូបការៈ គុណធម៌ និងគតិបណ្ឌិតរបស់សម្តេចតេជោនៅក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និង សុខដុមនីយកម្មសង្គម។

តុលាការបារាំងបានគូសបញ្ជាក់ថា ករណីចោទពាក់ព័ន្ធការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជន រងគ្រោះ ជាការចោទដែលគ្មានភស្តុតាងឬឯកសារបញ្ជាក់ច្បាស់លាស់ដែលអាចឱ្យតុលាការជឿជាក់បាននោះឡើយ។

អង្គការសង្គមស៊ីវិលបានសង្កេតឃើញថា តុលាការបារាំងបានពិចារណាលើគោលការណ៍សមមាត្រនៃការបញ្ចេញ មតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា ភាគីចុងចោទ សម រង្ស៊ី ពិតជាបានចោទប្រកាន់ និងបរិហារកេរ្ដិ៍ សម្តេចតេជោ ខុសពីការពិត។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះចុងចោទ ទំនងជាប៉ះ ពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពនេះ ត្រូវបានការពារ ដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុ នេះ តុលាការបានអនុគ្រោះឱ្យចុងចោទ រួចផុតពីបទចោទ។

អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍ សាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលតុលាការបារាំង បានទទួលស្គាល់ថា ភាគីចុងចោទពិតជាបានផ្សព្វផ្សាយទម្លាក់កំហុសដោយមិនត្រឹមត្រូវចំពោះសម្តេចតេជោ យ៉ាង ពិតប្រាកដ និងបានច្រានចោលការទាមទារសំណងរបស់ភាគីចុងចោទចំពោះរាល់ការចំណាយលើរឿងក្ដីនេះ ដែល នាំឱ្យភាគីចុងចោទត្រូវបង់ចំពោះរាល់ការចំណាយទាំងអស់ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖