ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង​ នាព្រឹកថ្ងៃចន្ទទី១៧ ខែតុលា​ ឆ្នាំ​២០២២នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជា​ បានត្រៀមគុកជាពិសេសមួយសម្រាប់ សម រង្ស៊ី រួចហើយ ប្រសិនជាទណ្ឌិតរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏ជំរុញឱ្យទណ្ឌិតរូបនេះអញ្ជើញមកកាន់កម្ពុជាបានឆាប់ផងដែរ។

ក្នុងចំណោម និស្សិតជ័យលាភីជាង៦ពាន់នាក់​នៅថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមាន ការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្ម ដោយខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​ថា​ សម្ដេចមិនបានហាមឃាត់ សម រង្ស៊ី មិនឱ្យចូលស្រុកនោះទេ ហើយថាយន្តហោះណាក៏ដោយក៏អាចដឹក សម រង្ស៊ី ចូលស្រុកផងដែរ តែអ្វីដែលស្វាគមន៍ សម រង្ស៊ី នៅពេលដែលមកដល់ព្រលានយន្តហោះកម្ពុជានោះគឺមានតែខ្នោះដៃប៉ុណ្ណោះ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «អត់រួចខ្លួនទេអាពៅ! ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសអោយអ្ហែងឲ្យសោះ! អ្នកណាចង់ដឹកក៏ដឹកមកអត់បញ្ហា។ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា ពេលមកដល់ត្រូវតែជាប់ខ្នោះហើយបញ្ចូលគុក ហើយគុកមួយណាខ្ញុំមិនប្រាប់ទេ ព្រោះបានរៀបចំត្រៀមរួចហើយវាអត់មានការចាំបាច់អីពិបាកនោះទេ»។

បច្ចុប្បន្នទណ្ឌិតសមរង្ស៊ីកំពុងរងបណ្ដឹងនៅតុលាការរាប់មិនអស់ដែលមានខ្លះបានចូលជាសាលក្រមរួចទៅហើយ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម រង្ស៊ី ក៏បានប្រកាសចូលស្រុកវិញដែរតែមកបានត្រឹមប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា​ តាមការសង្កេតមើលប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំក្រោយ សម រង្ស៉ី អាចចាត់ជាមនុស្សដែលខូចជាងគេបំផុតបាន ព្រោះមនោគមន៍វិជ្ជានយោបាយរបស់ជននេះនាំតែអ្នកដើរតាមខ្លួនជួបបញ្ហា ហើយនាំជាតិទៅរកគ្រោះថ្នាក់។

⁃ សម្តេចតេចតេជោ បានសម្តែងសមានទុក្ខ និងស្មឹងស្មាត គោរពវិញ្ញាណក្ខន្ធកុមារា កុមារី ដែលទទួលមរណភាពដោយលិចទូក-ដចម្លង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅអាស៊ាន មានសោកនាថកម្មធំៗចំនួន៣រួចមកហើយ នៅឆ្នាំ២០២២នេះ ក្នុងនោះមានការរត់ជាន់គ្នានៅឥណ្ឌូនេស៊ី, ករណីបាញ់ប្រហារនៅប្រទេសថៃ និងករណីលិចទូកដចម្លង នៅប្រទេសកម្ពុជា ដែលទាមទារអោយយើងប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯង ហើយអាជ្ញាធរក៏ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង ដែលត្រូវឆ្លងទឹក ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

– សម្តេតេជោ ហ៊ុន សែន មានប្រសាសន៍ពីប្រវត្តិ នៃចាប់ផ្តើមវិស័យអប់រំនៅកម្ពុជាឡើងវិញ បន្ទាប់ពីញាំញីដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាលនោះ ការស្វែងរកបណ្ឌិត ឬអ្នកចេះមកធ្វើការ មិនមែនជារឿងងាយស្រួលនោះទេ ដោយក្រសួងនីមួយៗប្រឹងប្រែងស្រូបទាញអ្នកចេះដឹងមកធ្វើការ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ត្រីដែលមានប្តី និងមានកូនហើយ សូមបន្តការសិក្សារបស់ខ្លួន ដើម្បីអោយមានតុល្យភាពរវាងបុរស និងស្ត្រី នាលើការបណ្តុះបណ្តាលកម្រិតឧត្តម អនុបណ្ឌិត និងបណ្ឌិត។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជាបានចាប់ផ្តើមវិស័យអប់រំ សិក្សាធិការឡើងវិញពីការរស់រានមានជីវិត ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងដល់បុគ្គលជាសង្ឃ ដែលសម្តេចហៅថា «អាខ្មៅ» សូមយកលុយ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាលុយខ្មោចរបស់លោកបណ្ឌិតកែមឡីទៅសងគេវិញ ហើយសម្តេចក៏ប្រកាសដល់ប្រជាពលរដ្ឋឱ្យដឹងពីពុតត្បត់ ខូចខិល បោកលុយកាក់ របស់ខូចតាំងខ្លួនជាសង្ឃនោះ។

– សម្តេចតេជោ ហ៊ុ ន សែន ថ្លែងថា​ ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ)ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។ សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង»។

– សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាការពារខ្លួន ពីការឆ្លងរីករាលដាលជាថ្មីជំងឺកូវីដ-១៩ ដោយរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូលមូលដ្ឋាន និងដូសជំរុញនានា តាមការកំណត់របស់ក្រុមគ្រូពេទ្យឱ្យបានគ្រប់ៗគ្នា។

– សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់អ្នកនិយមការរិះគន់ទាំងឡាយ សូមមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការប្រៀបធៀបកម្ពុជាពីអតីតកាល និងបច្ចុប្បន្នកាល។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាជាប្រទេសប្រើប្រាស់ប្រេងឥន្ធនៈក្នុងកម្រិតលេខ១០៧ ក្នុងចំណោមជាង ២០០លើពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកប្រើប្រាស់ច្រើនជាងគេ ក្នុងរង្វង់ជា១៩លានប៉ារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកមានចិន ,ឥណ្ឌា..។ល។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ ភាពអត់ចិត្ត អត់ថ្លើម នៃបក្សនយោបាយនានា ដែលមិនបានសម្តែងសមានទុក្ខ ឬសរសេរសាររំលែកមរណទុក្ខដល់ក្រុមគ្រួសារសព ដែលមានកូនៗស្លាប់ ដោយការលិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែល ខេត្តកណ្តាល។ សម្តេចបញ្ជាក់ថា «ឪពុកម្តាយក្មេងៗទាំងនោះ ក៏អាចមានអ្នកខ្លះបោះឆ្នោត ឱ្យបក្សនយោបាយទាំងនោះផងដែរ»។

– សម្តេច ហ៊ុន សែន ថ្លែងដល់មន្ត្រី ត្រូវវេចបាយ, វេចអង្ករ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងអន្តរាគមន៍បន្ទាន់ជួយពួកគាត់ «ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងភាពអត់ឃ្លាន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ សិទ្ធិស្របតាមច្បាប់ ក្នុងការបញ្ចប់មុខតំណែងមន្ត្រីក្នុងតួនាទី និងដែនសមត្ថកិច្ច ដោយមិនរង់ចាំក្រុមអ្នកវិភាគ ឬក្រុមឧទ្ទាមទាំងឡាយទាំងពួងយល់ព្រម ឯកភាពនោះទេ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ មន្ត្រីរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ឱ្យចាំទុកក្នុងចិត្ត បើគូបក្ខដិបក្ខយើងជេរមានន័យថា «យើងកំពុងធ្វើរឿងត្រឹមត្រូវ» បើគេសរសើរមានន័យថា «យើងកំពុងដើរលើផ្លូវខុស»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អរ គឺជិតដល់ថ្ងៃងាប់»។

– សម្តេតេជោ ហ៊ុន សែន ថ្លែងថា​ ទោះមានកាំភ្លើងទំនើប , មានរថក្រោះប៉ុន្មានគ្រឿងក៏ដោយ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ នឹងដួលរលំឆាប់ជាមិនខាន ដូចជាសម័យប៉ុលពតខ្មែរក្រហមដូច្នោះដែរ។

– សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ ទប់ នឹងការប៉ោងចំណាយរបស់រដ្ឋ លើសហួសហេតុ ក្នុងនោះមានការរឹងបន្តឹងការចូលមន្ត្រីរាជការថ្មី ដើម្បីកុំឱ្យមានវាសនាដូចប្រទេសស្ត្រីលង្ការ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងពីការវាយតម្លៃផលប៉ះពាលវិស័យកសិកម្ម ជាពិសេសដំណាំស្រូវដោយទឹកជំនន់ភ្លាមៗ ដោយគ្មានរារែក និងអន្តរាគមន៍បន្ទាន់ផ្តល់ពូជស្រូវដល់ប្រជាកសិករ ដើម្បីបន្តបង្កបង្កើនផលឱ្យទាន់ពេលវេលា។ សម្តេចបញ្ជាក់ថា «វាយតម្លៃបានប៉ុន្មាន ផ្តល់ពូជស្រូវដល់ប្រជាកសិករប៉ុណ្ណឹង កុំចាំសរុបរបាយការណ៍ទាំងមូល»។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែង​ដល់មន្ត្រីកសិកម្មទាំងអស់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន «សូមកុំនាំគ្នាជិះសេះ មើលផ្កា» ដោយត្រូវតាមដាន និងចុះជាប់ ជាមួយប្រជាកសិករ ពីការអន្តរាគមន៍ និងការផ្តល់ពូជស្រូវ និងពូជដំណាំផ្សេងៗដល់ពួកគាត់។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជាមានប្រជាពលរដ្ឋក្នុងរង្វង់១៨ភាគរយរស់នៅក្នុងស្ថានភាពក្រីក្រ ដែលយើងត្រូវអន្តរាគមន៍បន្ទាន់ជួយដល់ពួកគាត់ ជាពិសេសប្រជាពលរដ្ឋក្នុងចំណោមនោះ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការអន្តរាគមន៍របស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សូមមានការអនុគ្រោះដល់ប្រជាពលរដ្ឋកម្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការពន្យារបង់ប្រាក់សង, បន្ធូរបន្ថយអត្រាការប្រាក់ និងរៀបចំឥណទាន់កម្ចីដល់ពួកគាតឡើងវិញ ដើម្បីស្តារលទ្ធកម្ម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះជាកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក៏ពិតមែន តែកម្រិតនៃផលប៉ះពាល់របស់កម្ពុជា នៅតិចជាងប្រទេសថៃ ដោយកម្ពុជា មិនរងជំនន់ក្នុងរាជធានីភ្នំពេញដូចនៅបាងកកឡើយ ហើយជំនន់បណ្តាលមកពីស្ទឹងព្រែកត្នោតក៏គ្មានអ្វីត្រូវព្រួយបារម្ភដែរ ទោះទឹកភ្លៀងនៅបន្តធ្លាក់ខ្លះៗក្តី៕

ដោយ​៖សហការី​


ចែករំលែក៖