ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ នៅខេត្ត​កំពត

ចែករំលែក៖

ខេត្តកំពត៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី​១៦​ ខែតុលា​ម្សិលមិញនេះ​ ស្ថិតនៅ​ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

មន្រ្តីនគរបាលស្រុកឈូក បានឱ្យដឹងថា៖ ជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ អ៊ុច កំសាន្ត ហៅ ដូង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ ២-ឈ្មោះ ងឹម ជ្រឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ 

មន្រ្តីដដែលបន្តថា​ ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត ជាក់ស្ដែង​កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលេីនេះ​ រួមនិងវត្ថុតាងដកហូតមានដូចជា៖​ ថ្នាំញៀន ០៩កញ្ចប់ ទម្ងន់ ១០៤.២៧ក្រាម (ថ្លឹងទាំងថង់)​ និងទូរស័ព្ទចំនួន ០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖សហការី


ចែករំលែក៖