ភ្នំពេញ ៖ សារលិខិតជូនពររបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមបណ្ឌិត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
សូមជម្រាបជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តមបណ្ឌិត ជាទីរាប់អាន
ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ ឯកឧត្តមបណ្ឌិត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ខ្ញុំសូមកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ពុះពាររាល់ឧបសគ្គដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រមទាំង បានលើកកម្ពស់កិត្យានុភាពវិស័យកងទ័ពជើងគោករបស់កម្ពុជា ក្នុងតំបន់ និងសកលលោក។
ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិត ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា ៕
ដោយ ៖ សិលា