ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោក VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាម មកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ លោក VO VAN THOUNG នៅកម្ពុជា បើតាមការគ្រោងទុក លោក សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស នឹងដឹកនាំគណះប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។
ក្រៅពីនោះ លោក VO VAN THOUNG នឹងមានជំនួបពិភាក្សាការងា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសមចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបសម្តែងការគួរសមចំពោះ លោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈឹមបក្ស មកកាន់កម្ពុជា នាពេលនេះក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ប្រភព ៖ BTV