ខេត្តកំពង់ធំ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំជំរុញឲ្យលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់)មួយកន្លែង នៅវេលាម៉ោង១២:៣០នាទី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
កម្លាំងអធិការនគរបាលស្រុកកំពង់ស្វាយ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់) ០១កន្លែងស្ថិតនៅប៉ែកខាងជើងថ្នល់ជាតិប្រហែល១៥គីឡូម៉ែត្រ នៅចំណុចតំបន់ជាប់ដីចំការលោក ឃន សុកល អតីតប្រធានតុលាការខេត្តកំពង់ធំ(ដីទំនេរ) ស្ថិតក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ ដែលបានចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់លទ្ធផលគឺឃាត់ខ្លួនមុខសញ្ញាបាន០៣នាក់ ១-ឈ្មោះ ឌួង ឡែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ២-ឈ្មោះ ឡេ ស៊ាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នុំដែក ឃុំរម្យទុម ស្រុករវៀង ខេត្តព្រះវិហារ ។ ៣-ឈ្មោះ លី ម៉ូវហួត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកធានាគារស្ថាបនា នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
លទ្ធផលដែលចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ចាប់បាននូវវត្ថុតាងរួមមាន ៖ ១-មាន់ចំនួន០៥ក្បាល ,២-ជញ្ជីងថ្លឹងមាន់០១គ្រឿង ,៣-កន្ត្រកដាក់មាន់០៥ , ៤-ម៉ូតូចំនួន ០៥គ្រឿង ,៥-ផ្លែដែក០២គូ ,៦-ស្គុតរុំចំនួន០៧ដុំ ។
សូមបញ្ជាក់ថាសម្រាប់ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវឃាត់ និងរក្សាទុកនៅអធិការស្រុកកំពង់ស្វាយ ដើម្បីបំពេញតាមនីតិវិធីតាមផ្លូវច្បាប់ ៕
ដោយ៖កែវ មន្នី