ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យជាច្រើននៅអាល្លឺម៉ង់ប្រឈមនឹងការក្ស័យធនដោយវិបត្តិថាមពល

ចែករំលែក៖

នៅថ្ងៃទី១៦ខែតុលា សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ Karl Lauterbach ដែលបានប្រកាសថា ភាគច្រើនមន្ទីរពេទ្យនៅក្នុងប្រទេសអាល្លឺម៉ង់ប្រឈមនឹងការក្ស័យធន ត្រូវបិទទ្វារ ដោយសារតែការចំណាយសម្រាប់ថាមពលកើនឡើងខ្ពស់ ហើយអតិផរណាក៏កើនឡើងផងដែរ។
រដ្ឋមន្ត្រី Karl Lauterbach បានបញ្ជាក់ថា «មន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពពិសេស ប្រសិនបើយើងមិនមានវិធានការបន្ទាន់នោះទេ អាចនឹងត្រូវបិទទ្វារ»។ តាមគម្រោងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner នៅថ្ងៃទី១៨ខែតុលាពីគម្រោងចំណាយទឹកប្រាក់ និងរូបភាពនៃការផ្តល់ជំនួយដល់បណ្តាមន្ទីរពេទ្យ ។
កាលពីសប្តាហ៍កន្លងមក សមាគមមន្ទីរពេទ្យអាល្លឺម៉ង់មានគម្រោងផ្តល់ជំនួយទឹកប្រាក់ ១៥ពាន់លានអឺរ៉ូនៅក្នុងដំណាក់កាលឆ្នាំ២០២២-២០២៣ ដើម្បីបញ្ចៀសការក្ស័យធន។ ប៉ុន្តែលោក Lauterbach បានច្រានចោលតួលេខរបស់សមាគមមន្ទីរពេទ្យ ដោយមិនអាចប្រមាណពីតម្លៃថាមពលនៅឆ្នាំ២០២៣នោះឡើយ។
បើទោះបីបែបនេះក្តី សមាគមមន្ទីរពេទ្យបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ថាមពល មានតែ១/៣ ប៉ុណ្ណោះ ក្រៅពីនេះគឺចំណាយសម្រាប់សម្ភារ ដោយសារតែអតិផរណាកើនឡើងខ្ពស់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ baotintuc.vn


ចែករំលែក៖