ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រ៊ីដ បើកបុកសួនពុះចែកទ្រូងផ្លូវជាតិលេខ៦A បាក់បង្គោលភ្លើងអស់០២ដើម រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ និងរបួសធ្ងន់ស្រាលមនុស្ស០៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវហើយផ្លោងទៅបុកដើមផ្កា និងបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់០២ដើមបណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជេីង​ទ្រមេឃ ព្រមទាំងតៃកុង និងអ្នកដំណើរ០៣នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា​២រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ​២០២២ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយ​ចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក តូយ៉ូតា កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ​ 2AY-7056 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវ និងផ្លោងទៅបុកដើមផ្កាបាក់១ដើម រួមទាំងបង្គោលភ្លើង១ដើមទៀត បណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃខូចខាតយ៉ាងដំណំ។ 

ក្នុងហេតុការណ៍នេះដែរ ក៏មានបុរស០៣នាក់ទាំងអ្នកបើកបរ និងរួមដំណើរបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖