ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប ALPHARD មួយគ្រឿងបើកឆ្លងផ្លូវ ត្រូវយុវជនម្នាក់ជិះម៉ូតូបុកចំហៀងខាងក្រោយរងការខូចខាត និងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង ខណៈកំពុងបើកឆ្លងផ្លូវបំបែកជាបួន ស្រាប់តែត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងរបួសបែកក្បាលបន្តិចបន្តួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគេឃើញ រថយន្តស៊េរីទំនើបម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BE-9000 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតមកលិច ដោយបានឆ្លងផ្លូវបំបែកជាបួន ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IQ-1069 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្នបានបុករថយន្តស៊េរីទំនើបខាងលើចំពីក្រោយចំហៀងខាងឆ្វេង បែកកញ្ចក់និងផុងកាង រងការខូចខាត ។ ដោយឡែកម៉ូតូហុងដាឌ្រីមខាងលើក៏បានវៀច.កជាខ្លាំង និងធ្វើឲ្យម្ចាស់ម៉ូតូរបួសបែកក្បាលហូរឈាមតិចតួចផងដែរ ។

     ក្រោយកើតហេតុ ដោយភាគីទាំងពីរចចារគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាបន្តនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖