ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកនឹងអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
លោកឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី០៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។ការងារនេះចាប់ពីថ្ងៃស្អែកទៅត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទះនិងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុគស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។ ចំណែកមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ បន្ថែមពីនេះ លោកឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួលជុលផ្លូវជង្ហុកសំបុក អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់និងត្រូវតុបតែងរាជធានីភ្នំពេញឱ្យកាន់តែមានសោភណភាពទាក់ទាញបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ាននេះ សម្រាប់ថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ចើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែននឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះនិងបន្តកិច្ចប្រជុំជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៣វិច្ឆិកា៕
ដោយ ៖ សំរិត