គណៈកម្មការស្រាវជ្រាវរុស្ស៊ី នៅថ្ងៃទី១៧ខែតុលា បានប្រកាសថា នឹងបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋ ទៅលើករណីយន្តហោះចម្បាំង Su-34 ធ្លាក់ដាំក្បាលចុះបុកខុនដូពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីបណ្តាលឱ្យស្លាប់និងរបួសជិត៣០នាក់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំងចំអគារអាផាតធើមេនមួយកន្លែងក្នុងទីក្រុង Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៉ីក្បែរព្រំដែនជាមួយអ៊ុយក្រែននោះ បានកើនឡើងដល់១៣នាក់។
បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, មនុស្សទាំង១៣នាក់ដែលស្លាប់គឺមានកុមារ៣នាក់ ខណៈដែលប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិតត្រូវបានបញ្ចប់។ ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នបានបញ្ជាក់ថា ក្រោយការធ្លាក់យន្តហោះចម្បាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយកម្ទេចថ្មរកឃើញសាកសពសរុប១៣នាក់ ហើយមនុស្ស១៩នាក់រងរបួស។ ចំណែកឯពីឡុតបើកយន្ដហោះចម្បាំងនេះបានលោតចេញពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព នៅមុនពេលយន្ដហោះធ្លាក់។
យន្ដហោះចម្បាំង Su-34 ខាងលើត្រូវបានអាជ្ញាធរុស្ស៉ីបញ្ជាក់ថាបានចូលរួមក្នុងការបណ្ដុះបណ្ដាលហោះហើរមួយចេញពីមូលដ្ឋានទ័ពអាកាសនៃយោធាភូមិភាគខាងត្បូង រីឯមូលហេតុធ្លាក់គឺបណ្ដាលមកពីភ្លើងឆេះម៉ាស៊ីនមួយរបស់យន្ដហោះក្នុងអំឡុងពេលហោះឡើង៕ ដោយ៖ ធីរីណា
រូបថត ៖ AP