ខេត្តបាត់ដំបង+ប៉ៃលិន ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពីប្រតិភូរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ តាមបណ្តាមន្ទីរសំខាន់ៗក្នុងខេត្ត និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២នេះ ឱ្យបានច្បាស់លាស់ ឆ្លើយតបតាមការណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តពាក់ព័ន្ធទាំងពីរនេះឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, សូម ប្រកាសដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ) ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ ដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។
សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង» ៕
ដោយ : សហការី