ខេត្តរតនគិរី ៖ យុវជនម្នាក់វ័យ២០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឪពុកម្ដាយក្មេងស្រីប្ដឹងថា បានរួមភេទជាមួយកូនស្រីគាត់ដែលមានអាយុទើបតែ១២ឆ្នាំ ដោយការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសិល្ប៍ សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
យោងតាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងថា ជនសង្ស័យមានឈ្មោះ ឆន ឈីត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ។ ចំណែកក្មេងស្រីមានឈ្មោះ ខ.ក អាយុ ១២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ សិល្ប៍ សង្កាត់ យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី មុខរបរ សិស្ស។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបាន ធ្វើសកម្មភាព រួមភេទជាមួយក្មេងស្រីខាងលើ ជាអនីតិជន អាយុក្រោម១៥ឆ្នាំ ពិតប្រាកដមែន គឺចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ គឺសរុបបានចំនួន ២៣ដង។ ហើយខ្លួនបាននាំក្មេងស្រីចូលបន្ទប់ជួលខាងលើ នៅវេលាម៉ោង៩៖២០នាទី យប់ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២២ នៅក្នុងបន្ទប់ជួលរហូតដល់ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២២។
នៅវេលាម៉ោង ៤៖០០នាទី ទើបសមត្ថកិច្ចទទួលបណ្តឹងពីម្តាយជនរងគ្រោះទើបធ្វើការឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាន ក្រុងបានលុង ដើម្បីបន្តនីតិវិធី។ គ្រាដែលសមត្ថកិច្ចចុះឃាត់ខ្លួននោះ បានដកហូតសម្ភារៈ នាឡិកាដៃ ចំនួន ០១ គ្រឿង ទូរសព្ទម៉ាក OPPO ស៊េរីA 53 ពណ៌ខ្មៅ(បែកអេក្រង់) ចំនួន ០១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យ រួមទាំងវត្ថុតាងដែលបានដកហូតខាងលេី ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីធានា ដល់ការស្រាវជ្រាវ និងបំពេញសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី៕
ដោយ ៖ ជីម ភារ៉ា