ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ បានដឹកនាំកម្លាំងនគរបាលស្រុកថ្មគោល និងស្រុកសង្កែ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំនួន០២លើក។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងការបង្ក្រាបលើកទី១៖ កម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងសហគមន៍ រួមដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ចូលរួមជាមួយកម្លាំងចំរុះសរុបចំនួន ១០នាក់ បានចុះបង្រ្កាបបទល្មើសនេសាទត្រីប្រភេទណររ៉ាវ ចំនួន ០២លើក និងចំនួន ០២គោលដៅ៖
-គោលដៅទី០១ ចំណុចបឹងកូនភេ ស្ថិតនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បង្ក្រាបសាច់ណបាន(មោង) ប្រវែង១០០០ម៉ែត(មួយពាន់ម៉ែត) បង្គោលចំនួន១០៣ដើម។
-គោលដៅទី០២ ចំណុចបឹងចៃពោះ ស្ថិតនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បង្ក្រាបសាច់ណរ(មោង)ប្រវែង៥០០ម៉ែត បង្គោល ៥៤ដើម និងឡុកចំនួន០២។
ចំណែកការបង្ក្រាបលើកទី២ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយ គណបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ រួមដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការ លោក ប៉ោក រ៉ា អភិបាលរងស្រុកសង្កែចូលរួមជាមួយកម្លាំងចំរុះសរុបចំនួន ២១នាក់ បានចុះបង្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្ត ឃុំកំពង់ព្រះ និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ ០៥គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៣៤៥០ម៉ែត្រ
-បង្គោលចំនួន ៧៦០ដើម
-ឡុកចាប់ត្រីចំនួន ១១គ្រឿង
-ប្រលែងកូនត្រីចំរុះ ១៥០គីឡូក្រាម
សូមជម្រាបថា ចំពោះករណីទាំង២ខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕
ដោយ៖សហការី