ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសង្កែ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប៉ុន្តែគ្រាន់តែធ្វើកិច្ចសន្យា និងអប់រំក្នុងមូលដ្ឋានរួចឱ្យត្រលប់ទៅផ្ទះវិញ។
របាយការណ៍ដដែលបន្តថា ក្រោយប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៤នាក់រួមមាន៖១.ឈ្មោះ ហាង គឹមហុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ;២.ឈ្មោះ ព្រៀន រតនា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ;៣.ឈ្មោះ រ៉ុត សំណាង ហៅ កយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ;និង៤.ឈ្មោះ រឿន បុរី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះជួល ក្រុមទី០១ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។
គួរបញ្ជាក់ថា ករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដល់យុវជនទាំង៤នាក់ខាងលើ រួចបានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍៕
ដោយ៖សហការី