ភ្នំពេញ ៖ រថយន្តសង្គ្រោះមណ្ឌលកែប្រែទី២ បានបើកសឺរ៉ែនឆ្លងផ្លូវបំបែកជាបួន ខណៈភ្លើងស្តុបពណ៍ក្រហមក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងពេលកំពុងបើកឆ្លងផ្លូវនៅខាងមុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ភ្លើងស្តុបបេកាសេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mazda CX9 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-5012 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវភ្លោះក្រមួនស ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ភ្លើងស្តុបបេកាសេ ដែលជាចំណុចកើតហេតុ ភ្លើងស្តុបមានពណ៍ខៀវ រថយន្តMazda បានធ្វើដំណើឆ្លងភ្លើងស្តុប ខណៈកំពុងឆ្លងស្រាប់តែមានរថយន្តសង្គ្រោះនៃមណ្ឌលកែប្រែទី២ ដឹកអ្នកទោសមានជំងឺទៅមន្ទីរពេទ្យ ដោយបានបើកសំឡេងសឺរ៉ែនផងដែរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវមានភ្លើងពណ៌ក្រហម ជ្រុលទៅបុករថយន្តMazda ពេញទំហឹងផ្នែកខាងមុខ ចំហៀងខាងឆ្វេងបណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតជាច្រើន។ ចំពោះអ្នកទោសមានជំងឺត្រូវបានដាក់ចូលរថយន្តមួយគ្រឿងទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការដោះស្រាយគ្នាដោយភាគីទាំងសងខាងសម្របសម្រួលគ្នាយកស្មើរៀងៗខ្លួន៕
ដោយ ៖ រ៉ារ៉ា