ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសទាមទារដំឡើងប្រាក់ខែ

ចែករំលែក៖

នៅថ្ងៃទី១៨ ខែតុលា សហជីពកម្មករបារាំងបាននាំគ្នាធ្វើបាតុកម្មទូទាំងប្រទេសស្នើឱ្យបង្កើនប្រាក់ខែខ្ពស់ជាងនេះ ក្នុងពេលប្រាក់ចំណាយប្រចាំថ្ងៃកើនឡើង និងអតិផរណាកើនឡើងខ្ពស់មិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក។
ការធ្វើបាតុកម្មបង្កឱ្យប៉ះពាល់ដល់វិស័យសាធារណៈ សាលារៀន និងចរាចរណ៍។ នេះជាផ្នែកក្នុងគម្រោងធ្វើបាតុកម្មអូសបន្លាយរយៈពេលជាង៣សប្តាហ៍កន្លងមកនៅក្នុងប្រទេសបារំាង។ បាតុកម្មនោះបានធ្វើឱ្យរាំងស្ទះដល់រោងចក្រចម្រាញ់ប្រេងដ៏សំខាន់នៅក្នុងប្រទេសបារាំង និងធ្វើឱ្យការផ្គត់ផ្គង់ប្រេងសាំងដល់ស្ថានីយជាច្រើនត្រូវកកស្ទះ។ ស្ថានីយប្រេងឥន្ធនៈជាច្រើនត្រូវបិទទ្វារ ដោយនៅមានប្រេងសាំងតែ៣០%ប៉ុណ្ណោះ។
ក្រុមហ៊ុនផ្លូវដែក Eurostar បានប្រកាសផ្អាកដំណើរការផ្លូវដែកមួយចំនួនរវាងទីក្រុងឡុងដុង នឹង ប៉ារីស ដោយសារតែការធ្វើបាតុកម្មខាងលើ ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវដែក SNCF របស់បារាំងបានឱ្យដឹងថា រថភ្លើងក្នុងស្រុកប្រមាណ៥០%ត្រូវបានផ្អាកដំណើរការផងដែរ។
ការធ្វើបាតុកម្ម នៅថ្ងៃទី១៨ខែតុលា ត្រូវបានឡើងគម្រោងនៅទូទាំងប្រទេស ក្នុងនោះមានបាតុកម្មនៅក្នុងទីក្រុងប៉ារីសផងដែរ។ កាលពីថ្ងៃទី១៦ខែតុលា នៅទីក្រុងប៉ារីស ក៏មានបាតុកម្មដើម្បីដង្ហែក្បួនបាតុកម្មប្រឆាំងតម្លៃទំនិញឡើងថ្លៃដែរ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖