ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានចេញសេចក្តី ថ្លែងការណ៍ តាមរយៈឃ្លីបវីដេអូមួយ ដែលមានចំណងជើងថា «សេចក្តីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ៖ ត្រូវតែមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងឆ្នាំ ២០២៣» ក្នុងគោលបំណងញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមធ្វើការបះបោរផ្តួលរំលំរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៣ ខាងមុខ ព្រមទាំង បានធ្វើការប្រមាថដោយសម្ដីអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ សម្ដេចតេជោ និងក្រុមគ្រួសារ យ៉ាងធ្ងន់ធ្ងរ ។
សេចក្ដីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញសារជាថ្មីនូវឧបាយកលដ៏ស្មោកគ្រោក ក្នុងការ ចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាទុច្ចរិតបង្កើតព្រឹត្តិការណ៍ប្រឆាំងនឹងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ ដែលនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ខឿននីតិរដ្ឋ និង លទ្ធិប្រជាធិតេយ្យនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចបង្កឱ្យមានភាពវឹកវរ អសន្តិសុខ ប្រទេសបាត់បង់សន្តិភាព និង ឈានទៅធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមឡើងវិញថែមទៀតផង ។ ទង្វើ និងមហិច្ឆតាដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី និង បក្ខពួក នឹងត្រូវទទួលនូវការផ្តន្ទាទោស តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង និងដោយគ្មានការលើកលែងឡើយ ។
ជាមួយនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវមានភាពម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវធ្លាក់ចូលក្នុងឧបាយកលដ៏ខ្មៅងងឹតរបស់មេក្រុមឧទ្ទាម សម រង្ស៊ី នេះឡើយ ព្រោះថាក្រៅពីត្រូវប្រឈមនឹង ទោសតាមផ្លូវច្បាប់ បងប្អូននឹងទទួលរងនូវវិនាសកម្មផ្សេងៗ ដូចជាបាត់បង់ការងារ បែកបាក់គ្រួសារ ។ល។ ផ្ទុយទៅវិញ យើងទាំងអស់គ្នាត្រូវមានស្មារតីភ្ញាក់រលឹក និងត្រូវរួមគ្នាការពារដាច់ខាតនូវ «សន្តិភាព» ដែលមានតម្លៃជាអមតៈ និង ជាជន្ទល់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៏ដ៏ ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងការ «កម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ ៣ ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក» និងសូមប្រកាសគាំទ្រសម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ ឯកឧត្តមបណ្ឌិត ប៊ុន ហិណគ ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ ៕
ដោយ : សិលា