ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ  លោក វ៉ូ វ៉ាន់ធួង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា ចាត់ទុកវត្តមានរបស់គណៈប្រតិភូ ដែលបានមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ នឹងរួមចំណែក បន្ថែមទៀតក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែម មួយកម្រិតទៀត។

លោក វ៉ូ វ៉ាន់ធួង បានគោរពជម្រាបជូន  សម្ដេចប្រធានរដ្ឋសភាថា លោក និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប ៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង  និងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។  ជាងនេះទៅទៀតដំណើរទស្សនកិច្ចនេះ មានទិសដៅសំខាន់ ធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស ប្រទេសនិងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។

លោក វ៉ូ វ៉ាន់ធួង បានជម្រាបសម្តេចប្រធានរដ្ឋសភាថា  បក្សនិងរដ្ឋវៀតណាម បានវាយតម្លៃយ៉ាងក្រៃលែងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរីកចម្រើន ស៊ីជម្រៅឡើង។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវមោទកភាពនិងរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពីណៃ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងវិបុលភាព សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។ 

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងប្រសើរ លើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ ទាំងសងខាង ជាអាទិ៍  ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។

សូមជម្រាបថា  ឆ្នាំ២០២២នេះ ជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។ ប្រទេសទំាងសង បានរៀបចំព្រឹត្តិការណ៍ផ្សេងៗ រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនំាជាន់ខ្ពស់ គ្រប់កម្រិត ក្នុងន័យអបអរសាទរខួប នៃឆ្នំាមិត្តភាពនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹកថា កាលពីខែកន្លងទៅ សម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចនៅវៀតណាម ហើយនៅពេលនេះ កម្ពុជាត្រៀមទទួលដំណើរ ទស្សកិច្ចរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី  នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែក្រោយនេះ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាត អាយប៉ា លើកទី៤៣ ផងដែរ៕

ដោយ : សិលា


ចែករំលែក៖