ភ្នំពេញ ៖ ញត្តិថ្កោលទោស
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ប្រឆាំងនឹង រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូ នាពេលថ្មីៗនេះ ក្នុងគោលបំណងធ្វើការកែនគរប្រមូលផ្ដុំផ្ដួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និង បានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោល ភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក ដែលចង់ធ្វើបដិវត្តពណ៍ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ដែលរកបានមកដោយការលះបង់ខ្ពស់ និងក្តីលំបាកជាទីបំផុត។
យើងខ្ញុំទាំងអស់គ្នាជាយោធិនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទគ្រប់រូប សូម ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែល កើតចេញពីការបោះឆ្នោត និងការពារឱ្យខានតែបាននូវសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យ តុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕
ដោយ : សិលា