ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីរងគ្រោះចំនួន ៣នាក់ ក្នុងនោះមានអនីតិជនចំនួន០១នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។
មេការទាំង២នាក់ប្ដីប្រពន្ធ មានឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ជាប្ដី និងឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ស្នាក់នៅផ្ទះលេខA១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ និងនារីរងគ្រោះក្មេងៗចំនួន៣នាក់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២ នៅហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខA១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» មានម្ចាស់ ២នាក់ប្ដីប្រពន្ធ គឺជាអ្នកមើលការខុសត្រូវ ហើយនៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៣នាក់ សង្ស័យអនីតិជន១នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន២បន្ទប់ តម្លៃម៉ាស្សាធម្មតា១២.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការរួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឱ្យដឹងថា ហាងម៉ាស្សានេះបើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង៩ព្រឹករហូតដល់ យប់អធ្រាត្រទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន២នាក់គឺចូលមកបម្រើការងារចាប់ពីម៉ោង០៧យប់ រហូតដល់ម៉ោង ១០យប់ ។
ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនមេការ២នាក់ប្ដីប្រពន្ធទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៣នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕
ដោយ ៖ រ៉ារ៉ា