ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRange Rover ពណ៌សមិនចាំស្លាកលេខបុករះរថយន្តជាច្រើនគ្រឿងរួចបើករត់បាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តជាច្រើនគ្រឿងបានរងការខូចខាត ខណៈដែលរថយន្តRange Rover ពណ៌សមិនចាំស្លាកលេខមួយគ្រឿងបានបើកបុករះរួចបានបន្តដំណើររត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញមានរថយន្តជាច្រើនគ្រឿងបានចតនៅតាមបណ្តោយចឹញ្ចើមផ្លូវ១៩៨៦ដោយម្ចាស់រថយន្តបាននាំគ្នាចូលទៅហូបអាហារក្នុងភោជនីដ្ឋានមួយកន្លែង ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌សមិនចាំស្លាកលេខបើកបរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុកគូទរថយន្តម៉ាកTOYOTA CAMRY ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2P 4238 ដែលចតនៅតាមចឹញ្ចើមផ្លូវ រួចរុញបន្តទៅប៉ះរថយន្តបីគ្រឿងបន្ថែមទៀតបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ  ហើយរថយន្តបង្កបានបន្តដំណើររត់គេចខ្លួនបាត់ស្រមោល តែសំណាងល្អក្នុងករណីនេះមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះសម្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាម្ចាស់រថយន្តដែលរងការខូចខាត នឹងទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមនីតីវិធីច្បាប់ ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖