ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន៖​ ផ្តល់អនុសាសន៍ដឹកនាំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ចំនួន៦ចំណុច

ចែករំលែក៖

ខេត្ត​រតនគិរី ៖ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

មានប្រសាសន៍នៅក្នុងពិធីតែងតាំង លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំនួសមុខឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរជូនចំពោះលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបានដឹកនាំធ្វើឲ្យខេត្តរតនគិរីទាំងមូលមានការរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកធ្វើការទេសចរណ៍ ដែលនាំឲ្យជីវភាពប្រជាពលរដ្ឋមានការបានល្អប្រសើរ។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ ក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលកន្លងមកបានដឹកនាំកងកម្លាំងទាំងអស់នៅក្នុងខេត្តមានភាពជោគជ័យ។ ជាពិសេសកងកម្លាំងទាំង៣ប្រភេទ បានសហការគ្នាល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការដោះស្រាយបញ្ហានានាបានទាន់ពេលវេលា។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡេីងពីស្ថានភាពទូទៅដែលកំពុងកើតមានទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវយល់ដឹង៖

ទី១-សង្គ្រាមដែលកំពុងកើតមានរវាង រុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសកម្ពុជាក៏បានរងនូវសម្ពាធ ជាពិសេសតម្លៃប្រេង និងឧស្ម័នមានការឡើងថ្លៃផងដែរ។

ទី២-ស្ថានភាពជំងឺកូវីដ១៩ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ត្រូវខិតខំពង្រឹងបន្ថែមទៀតតាមរយៈការជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា និងត្រូវបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបន្តលើកឡើងអំពីចំនុចវិជ្ជមាន ៥ចំណុច ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះ៖    

ទី១-កម្ពុជាទទួលបានជោគជ័យក្នុងកិច្ចការពារការបោះឆ្នោតដែលប្រព្រឹត្តទៅយ៉ាងរលូន គ្មានអំពើហឹង្សាកើតឡើង និងមិនបណ្តាលឲ្យមានមនុស្សស្លាប់រឺរបួស។

ទី២-កម្ពុជាទទួលបានជោគជ័យ ខណៈធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលក្នុងនោះនគរបាលជាតិកម្ពុជាបានបំពេញភារកិច្ចក្នុងការការពារគណៈប្រតិភូ និងថ្នាក់ដឹកនាំមកចូលរួមប្រជុំប្រកបដោយសុខសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងគូរឲ្យកត់សម្គាល់។

ទី៣-ការពារបានព្រឹត្តិការណ៍ និងកិច្ចប្រជុំធំៗជាងមួយម៉ឺនលើកទទួលបានជោគជ័យទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពថ្នាក់ដឹកនាំ ធ្វើឲ្យកិច្ចប្រជុំដំណើរការយ៉ាងរលូន។ 

ទី៤-កសិផលរួមមានស្រូវ ពោត សណ្តែកការនាំចេញមានការកើនឡើងប្រមាណជិត១១ភាគរយ ដែលនេះជាជោគជ័យមួយខាងផ្នែកសេដ្ឋកិច្ច។

ទី៥-ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗទូទាំងប្រទេស ដែលធ្វើឲ្យបទល្មើសមានការថយចុះ៧ភាគរយ និងបង្ក្រាបបទល្មើសបានជាង៩០ភាគរយ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឲ្យគណៈបញ្ជាការឯកភាពខេត្តរតនគិរី ត្រូវត្រៀម និងព្យាករណ៍ចំពោះស្ថានការដែលកើតឡើងនៅពេលខាងមុខ៖

ទី១-កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកំពូលក្នុងខែវិច្ឆិកាខាងមុខនេះដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចនិងបណ្តាប្រទេសសមាជិកអាស៊ាននឹងចូលរួមប្រជុំនៅកម្ពុជា ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាប់ផ្តើមធ្វើផែនការការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំកំពូលឲ្យបានដាច់ខាត។

ទី២-ត្រៀមខ្លួនទប់ទល់បញ្ហាបទឧក្រិដ្ឋ ការឆបោលតាមប្រព័ន្ធទូរគមនាគមន៍ ដែលឃើញថា៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនបទល្មើសមានការថយចុះ ទោះបីជាសមត្ថកិច្ចធ្វើការបង្ក្រាបមុខសញ្ញាបានជាង៩២ភាគរយ ប៉ុន្តែត្រូវតែប្រឹងប្រែងបន្តទៀតឲ្យបាន១០០ភាគរយ។

ទី៣-ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឲ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

 ទី៤-ក្នុងនាមជាសក្នងការនគរបាលខេត្ត ទើបតែងតាំងថ្មី ត្រូវដោះស្រាយនូវអ្វីៗដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ កង្វល់និងក្តីបារម្មណ៍របស់ប្រជាពលរដ្ឋមានបទល្មើសឆក់ ប្លន់ ហឹង្គ្សា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀនសំយោគដែលមិនមានថ្នាំអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែមានវិធីបន្សាប។ អ្វីដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផង ពីអាជ្ញាធរមានសមត្ថកិច្ចផង ព្រមទាំងការគោរពច្បា ប់និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងត្រូវមានរបបប្រជុំទៀងទាត់ និងលើកយកបញ្ហាដែលត្រូវដោះស្រាយមកដាក់ជារបៀបវារៈប្រជុំ។ រួមគ្នា និងចលនាបំផុសឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍ដឹកនាំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ចំនួន៦ចំណុចរួមមាន៖

ទី១-ត្រូវពង្រឹងតួនាទីក្នុងការដឹកនាំ ដោយចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនាក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ទី៣-ពង្រឹងរបៀបរបបធ្វើការដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីជួយដល់នគរបាលប៉ុស្តិ៍រដ្ឋបាល និងជំរុញឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលខិតខំបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងមានទំនាក់ទំនងល្អជាមួយព្រជាពលរដ្ឋ ជាពិសេសកែរសម្រួលឥរិយាបថ អាកប្បកិរិយា និងពាក្យសំដី ធ្វើយ៉ាងណាឲ្យប្រជាលរដ្ឋទុកចិត្ត និងជឿជាក់មកលើនគរបាលប៉ុស្តិ៍។ ក្នុងនោះ ក្នុងនាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពិនិត្យរបៀបរបបអនាម័យបរិស្ថានស្អាតនៅក្នុងទីតាំងកន្លែងធ្វើការផងដែរ។

ទី៤-ត្រូវពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថភាព ដោយធ្វើការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់។ គ្រប់គ្រងវត្តមានកម្លាំង និងអារម្មណ៍ ពិសេសពង្រឹងវិនយ័ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។ ត្រូវបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ចំពោះកម្លាំងនគរបាលចរាចរណ៍លើដងផ្លូវត្រូវជួយសម្រួល ក៏ដូចជាជូនក្មេង និងចាស់ជរាឆ្លងផ្លូវជាដើម ដែលនេះជាកាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

ទី៥-លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងទាំងក្នុងអង្គភាព និងជាមួយអាជ្ញាធរពាក់ព័ន្ធរហូតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវលុបចោលនូវជំងឺតួឯក។

ទី៦-ស្នើឱ្យលោកអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ធ្វើជាអាណាព្យាបាលក្នុងការដឹកនាំ គាំទ្រ ដើម្បីសម្រេចបាននូវបេសកកម្មរបស់លោកស្នងការថ្មី។ ការិយាល័យបុគ្គលិក និងការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបង្កើតក្រុមថ្មីមួយដែលមានសមាសភាពពាក់ព័ន្ធដើម្បីតាមដាន និងពិនិត្យមើលតាមបណ្តាញសង្គម ដើម្បីទទួលយកភាពអសកម្មផ្សេងៗព្រមទាំងការរិះគន់ដែលកេីតមាននៅក្នុងមូលដ្ឋានខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ ដោះស្រាយ និងបំភ្លឺឆ្លេីយតប។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖