ភ្នំពេញ ៖ «វិស័យឯកជន រួមទាំងវិស័យធនាគារនៅកម្ពុជា បានយល់កាន់តែច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ តួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ និងវិធានការឆ្លើយតបចាំបាច់នានា ដែលត្រូវពិចារណាដាក់បញ្ចូលនៅក្នុងការសម្រេចចិត្តវិនិយោគិន អនុលោមតាមគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ វិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានភាពធន់ កាន់តែបៃតង បញ្ចេញកាបូនតិច បរិយាបន្ន និងកំណើនប្រកបដោយចីរភាព» នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើក «កិច្ចប្រជុំកំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២» ដោយមានការចូលរួម ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន វិស័យធនាគារ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងយុវជន និងអ្នកពាក់ព័ន្ធនានា នៅទីក្រុងសៀមរាប នាថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នេះ។
លោករដ្ឋមន្រ្តី បានបន្តថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន បើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។ ជាមួយគ្នានេះផងដែរ នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់វិស័យឯកជន និងជាមូលដ្ឋានសម្រាប់ការពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគលើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។
កម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ដែលរួមចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោក ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។ តែយើងមានឆន្ទៈនយោបាយខ្ពស់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេចកិច្ចការនេះបាន ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ ជាក់ស្តែង កម្ពុជាជាប្រទេសទី១ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ និង ជាប្រទេសទី២ ក្នុងចំណោមប្រទេលអភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញាចិត្ត និងគាំទ្រ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥» ដែលផ្តោតទៅលើ តុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ ម្យ៉ាងទៀត ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគំនិតផ្តួចផ្តើមស្តីពី «កិច្ចព្រមព្រៀងអាស៊ានបៃតង» ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្ររួម សម្រាប់គាំទ្រការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ បញ្ចេញកាបូនតិច បៃតង និងប្រកបដោយចីរភាព នៅក្នុងតំបន់ ៕
ដោយ : សិលា