ព័ត៌មានទាន់ហេតុការណ៍៖

ព្រហើនណាស់! ក្រុមខ្មាន់កាំភ្លើងជិះរថយន្តមកបាញ់រះជាង១០គ្រាប់ទៅលើអគារខុនដូ SKY LINE ក្នុងខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ មានខ្មាន់កាំភ្លើងមួយក្រុមបានជិះរថយន្តចំនួន០២គ្រឿងមកឈប់ រួចដកកាំភ្លើងខ្លីបាញ់រះជាង១០គ្រាប់ទៅលើអគារខុនដូ SKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងគឺម៉ាកហ្វដ ពណ៌ស និងម៉ាកអាល់ហ្វាដ ពណ៌ខ្មៅតែមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៤ ក្នុងទិសដៅពីកើតទៅលិច។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើរថយន្ត្តទាំងនោះក៏បានឈប់ហើយជនសង្ស័យដែលជិះក្នុងរថយន្តហ្វដបានដកកាំភ្លើងខ្លីបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខុនដូ SKY LINE បណ្ដាលឱ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឱ្យមានអ្នក រងរបួសឡើយ។

ប្រភពដដែលបានបន្តទៀតថាក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមកក៏បានបាចខិត្តប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់និងមានអក្សរ៣សាសន៍ គឺអក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគេចខ្លួនបាត់ស្រមោលអស់ទៅ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងពិនិត្យជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុរួចបានប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូនជំនាញដើម្បីធ្វើការសាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖