ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើង បណ្ដាលឱ្យឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅមុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះខ្សែភ្លើងរាលដាលនៅជាប់មុខផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៤ និង១០នាទីទាបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេលឺសំឡេងផ្ទុះចេញពីប្រអប់ភ្លើងជាប់បង្គោលភ្លើងថ្មមួយដើម លាយឡំនិងខ្សែកាបរំពាត់ជាច្រើន ។ ខណៈនោះស្រាប់តែលឺសំឡេងផ្ទុះជាខ្លាំងរហូតមានការឆាបឆេះខ្សែភ្លើងជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ក៏មិនរលត់នោះដែរ ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានព័ត៌មានមកថា មានករណីអគ្គិភ័យឆាបឆេះខ្សែភ្លើង សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់តែ០១គ្រឿង និងពេលវេលាតែកន្លះម៉ោងប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ ។

ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖