ក្រុមបិសាចក្រហម Manchester United បានបង្កើតនូវទម្រង់លេងដ៏ល្អរបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Erik ten Hag ខណៈដែលក្រុម Tottenham Hotspurs បានបរាជ័យក្រៅទឹកដីជាលើកទី២នៅPremier League ។
ការស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១របស់កីឡាករក្រុម Man Utd មានភាពច្បាស់លាស់ចំគោលដៅញឹកញាប់ ប៉ុន្តែអ្នកចាំទី Hugo Lloris របស់ Spurs បានធ្វើការសង្គ្រោះដ៏អស្ចារ្យចំនួន៥ដងតែម្នាក់ឯង ខណៈដែល Man United មានការស៊ុតចំនួន១៩ដងចំគោលដៅក្រុម Spurs ។
នៅទីបំផុតខ្សែបម្រើ Fred បានបំបែកពងមាន់ក្រុម Spurs នៅតង់ទី២ ខណៈដែលអ្នកចាំទី Lloris មិនអាចជួយសង្គ្រោះបានធ្វើឲ្យបាល់ចូលសំណាញ់ទីបានសម្រេចនៅនាទីទី៤៧ ដែលជាការបញ្ជូនបាល់ពី Sancho ឲ្យ Fred ស៊ុតនាំមុខ១គ្រាប់។
កីឡាកររបស់ក្រុម Man United រកបានគ្រាប់បាល់ទី២មួយគ្រាប់ទៀតនៅនាទីទី៦៩ នៅពេលដែលខ្សែបម្រើ Bruno Fernandes ស៊ុតបាល់កោងយ៉ាងស្អាតផុតដៃអ្នកចាំទី Lloris ធ្វើឲ្យក្រុមម្ចាស់ផ្ទះបិសាចក្រហមយកឈ្នះក្រុមភ្ញៀវ Spurs ក្នុងលទ្ធផល២ទល់០។
ជ័យជម្នះនេះបានរក្សាក្រុម Manchester United ឈរនៅលេខរៀងទី៥ក្នុងតារាង ដោយចាញ់៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ខណៈ Spurs បាត់បង់ឱកាសក្នុងការឡើងមកឈរលេខ២ លើ Manchester City ដោយបន្តនៅលេខ៣។
គ្រូបង្វឹកក្រុម Manchester United លោក Ten Hag យល់ថា គាត់សប្បាយចិត្តពេលមើលទៅជាមនុស្សដែលពេញចិត្តនៅពេលដែលគាត់បានដើរចេញពីទីលាន Old Trafford នៅចុងបញ្ចប់នៃជ័យជំនះ ដែលបង្ហាញពីចំណុចសំខាន់ទាំងអស់នៃអ្វីដែលគាត់ចង់បាន។
Man Utd មានភាពមុតស្រួច លឿន និងខ្លាំងជាង Spurs តាំងពីចាប់ផ្តើមផ្លុំកញ្ចែប្រកួតលើកដំបូង។ ការស៊ុតដោយអស្ចារ្យរបស់ក្រុម Man Utdក្នុង៤៥នាទីនៃតង់ទី១ ដោយ Luke Shaw, Marcus Rashford និងAntony។
ជាលទ្ធផលក្រុមបិសាចក្រហមនៅបន្តឈរលេខ៥ មាន១៩ពិន្ទុ ខណៈដែលក្រុម Tottenham Hotspurs បន្តឈរលេខ៣ មាន២៣ពិន្ទុ។ ក្រុមបិសាចក្រហមនឹងត្រូវធ្វើការធ្ងន់ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅថ្ងៃទី២២ ខែតុលាខាងមុខ រីឯក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវប៉ះក្រុមភ្ញៀវ Newcastle United ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)