ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីម៉ាដាហ្គាស្ការដកតំណែងរដ្ឋមន្ត្រីការបរទេស ដោយសារតែបោះឆ្នោតប្រឆាំងរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Andriy Rajoelina បានសម្រេចដកតំណែងរដ្ឋមន្ត្រីការបរទេស លោក Richard Randriama ដោយសារតែមិនគោរពទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយសម្រេចដោយខ្លួនឯងបោះឆ្នោតប្រឆាំងរុស្ស៊ី នៅអង្គការសហប្រជាជាតិ ខណៈដែលរដ្ឋាភិបាលគាំទ្ររុស្ស៊ី។
ប្រទេសម៉ាដាហ្គាស្ការ រួមជាមួយ១៤២ប្រទេសផ្សេងទៀត បានបោះឆ្នោតថ្កោលទោសរុស្ស៊ី ដែលបានដាក់បញ្ចូលដោយខុសច្បាប់ខេត្តចំនួន៤របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ពីររូបនៃការិយាល័យប្រធានាធិបតីម៉ាដាហ្កាស្ការ លោក Andriy Rajoelina បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសម៉ាដាហ្កាស្ការ លោក Richard Randriamandrato ត្រូវបាន បណ្ដេញចេញពីតំណែង ដោយសារតែលោកស្ថិតនៅក្នុងចំណោមអ្នកដែលបោះឆ្នោតគាំទ្រដំណោះស្រាយ UN ថ្កោល
ទោសរុស្ស៉ី។ ប៉ុន្តែលោក Randriamandrato មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍របស់ Reuters នោះទេ។
កន្លងមក រដ្ឋាភិបាលម៉ាដាហ្កាស្ការបានប្រកាន់យកគោលជំហរអព្យាក្រឹតជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ម៉ាដាហ្កាស្ការបែរជាមានឈ្មោះនៅក្នុងចំណោមប្រទេសចំនួន១៤៣ នៃសមាជិកសរុបទាំង១៩៣របស់ UN ដែលបាន បោះឆ្នោតថ្កោលទោសរុស្ស៉ី ខណៈដែល៣៥ប្រទេសបោះឆ្នោតអនុបវាទ ហើយរុស្ស៉ី បេឡារុស កូរ៉េខាងជើង ស៊ីរី និងនីការ៉ាហ្ការ បោះឆ្នោតជំទាស់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty


ចែករំលែក៖