នៅពេលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman ជាមន្ត្រីជាន់ខ្ពស់បន្ទាប់ក្នុងរដ្ឋាភិបាលរបស់លោកស្រី Liz Truss បានលាលែងចេញពីតំណែង។ សកម្មភាពខាងលើកើតឡើងក្រោយពេលមិនដល់មួយសប្តាហ៍ ផងដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Kwasi Kwarteng ប្រកាសលាលែងចេញពីតំណែង ។
សារព័ត៌មាន The Guardian បានផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman បានបង្ខំចិត្តលាលែងចេញពីតំណែង ដោយសារតែបញ្ហាផ្ញើឯកសារផ្លូវការតាមប្រអប់សំបុត្រអេឡិចត្រូនិកផ្ទាល់ខ្លួនឱ្យទៅមិត្តរួមការងារ នៅក្នុងរដ្ឋសភា ។ សកម្មភាពខាងលើជាការបំពានយ៉ាងខ្លាំងដល់ច្បាប់សន្តិសុខរបស់រដ្ឋាភិបាល។
លោកស្រី Suella Braverman បានបញ្ជាក់នៅក្នុងលិខិតសុំលាលែងពីតំណែងផ្ញើទៅកាន់នាយករដ្ឋមន្ត្រី Truss ថា «ខ្ញុំបានប្រព្រឹត្តកំហុសឆ្គង ខ្ញុំនឹងទទួលខុសត្រូវដោយសម្រេចលាលែងចេញពីតំណែង»។
លោកស្រី Suella Braverman ក៏បានបង្ហាញពីក្តីបារម្ភចំពោះចក្ខុវិស័យនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងនោះមានការមិនគោរពដល់ការសន្យាជាមួយម្ចាស់ឆ្នោត ។ រដ្ឋាភិបាលចាំបាច់ត្រូវតែគោរពទៅតាមអ្វីដែលខ្លួនបានប្រកាសនាពេលកន្លងមក ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សាយថា មានតំណាងរាស្ត្រជាង ១០០នាក់មកពីគណបក្សរបស់នាយករដ្ឋមន្ត្រី Liz Truss បានបង្ហាញពីការអស់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រី។ ទាំងនោះហើយ លោកស្រី Liz Truss អាចប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្តក្នុងរដ្ឋសភា៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters