ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្ត Ford Ranger បុករថយន្តដឹកសំរាមពីក្រោយហើយរេចង្កូតបុកចូលផ្ទះអ្នកភូមិបែកធ្លាយមានកាំភ្លើងនិងសង្ស័យមានថ្នាំញៀនមួយកញ្ចប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរស២នាក់រងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយខណៈដែលជនជាតិចិនបើករថយន្ត Ford Ranger បុករថយន្តដឹកសំរាមពីក្រោយហើយរេចង្កូតទៅបុកចូលផ្ទះអ្នកភូមិរហូតបែកធ្លាយមានឃើញកាំភ្លើងមួយដើមនិងសង្ស័យមានថ្នាំញៀនមួយកញ្ចប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសជនជាតិចិនបង្កហេតុមានឈ្មោះ LIAO PO-HAO ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរ២នាក់មានឈ្មោះKUAN-KAI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ និងឈ្មោះ HOANG QUAN LONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម  មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយដោយសមត្ថកិច្ចបានឆែកនៅក្នុងរថយន្តFord Ranger រកឃើញមានកាំភ្លើងខ្លី០១ដើម ម៉ាកឡុក N17 បង់គ្មានគ្រាប់ និងមានថ្នាំពណ៌សថ្លា០១កញ្ចប់ សង្ស័យថ្នាំញៀន។

     ចំណែកអ្នកបើករថយន្តដឹកសំរាមមានឈ្មោះសិន សារិន អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសំរាម មានទីលំនៅភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

    ចំណែកផ្ទះដែលរងការខូចខាតមានម្ចាស់ឈ្មោះ ជ័យ សុវណ្ណ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ និងរថយន្តមួយគ្រឿងចតនៅមុខផ្ទះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-9378 ខូចខាតស្រាល ។

   តាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខ 2AY-1099 ធ្វើដំណើរពីលិចទៅកើតប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តដឹកសំរាមម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ត្រេអុីគ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹង រួចក៏រេចង្កូតបុកចូលផ្ទះនិងរថយន្តអ្នកភូមិបង្កការភ្ញាក់ផ្អើលតែម្ដង។

   ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ។

     ចំពោះមធ្យោបាយធ្វើដំណើរសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖