ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្ដីថាមិនមែនជាកូនរបស់ខ្លួនក៏បីកូនស្រីអាយុ៥០ថ្ងៃទៅបោះចោលក្នុងទឹកស្រះ

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្ត្រីឈ្មោះ ជា ស្រីអូន អាយុ ១៧ឆ្នាំមុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។ រីឯក្មេងរងគ្រោះឈ្មោះ ផាត សុភ័ត្រា ភេទស្រី អាយុ ១ខែ ២០ថ្ងៃ។ 

គួរបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ស្ត្រីជាម្តាយឈ្មោះ ជា ស្រីអូន តែងតែឈ្លោះជាមួយប្តីស្ទើរជារៀងរាល់ថ្ងៃដោយសារតែប្ដីចោទ ប្រកាន់រូបខ្លួនថា កូននេះមិនមែនជាកូនរបស់គេនោះទេ ជាកូនជាមួយប្រុសផ្សេង ទើបជនសង្ស័យជាប្រពន្ធមាន ចិត្តខឹងនិងប្តី ហើយមានចិត្តចង់សម្លាប់កូនចោល។ នៅយប់កើតហេតុស្ត្រីជាម្ដាយបានបីកូនតូចដែលទើបតែមានអាយុ៥០ ថ្ងៃ ពីក្នុងផ្ទះហើយចេញតាមបង្អួចយកទៅបោះចោលក្នុងស្រះទឹក រួចដើរត្រឡប់មកផ្ទះវិញ។

នៅពេលត្រឡប់មកដល់ផ្ទះវិញ នាងធ្វើជារើកកាយខោអាវ និងយកដំបងមកដាក់មុខផ្ទះ ហើយកុហកក្រុមគ្រួសារថា មានចោរចូលផ្ទះវាយប្លន់យកម៉ូតូ និងយក កូនរបស់ខ្លួនទៅបាត់ហើយ។ ពេលនោះក្រុមគ្រួសារ បាននាំគ្នាដើររកក៏បានឃើញកូនតូច( ជនរងគ្រោះ ) អណ្តែតក្នុងទឹកស្រះ ហើយក៏នាំគ្នាចុះស្រង់និង យកទៅមន្ទីរពេទ្យ តែកូននោះបានស្លាប់បាត់ទៅហើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖