ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ៖ ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចក្រុង-ស្រុក ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាពិធីបុណ្យអុំទូក

ចែករំលែក៖

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ នៅរសៀល​ថ្ងៃព្រហស្បតិ៍​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក​ អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកបំបុក នៅទន្លេបាទី ស្រុកបាទី មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វេីឡេីង​កាលពីព្រឹកមិញនេះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អភិបាល អភិបាលរងក្រុងស្រុក និងមន្រ្ទីជំនាញពាក់ព័ន្ធចូលរួមជាច្រើនរូប​នៅឯសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ 

ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ដោយធ្វើការណែនាំបន្ថែមទៀតទៅ លោក-លោកស្រី និងអ្នកពាក់ព័ន្ធនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ សូមចូលរួមសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន។

បន្ថែមពីនេះ​ លោក​អភិបាលខេត្តតាកែវ​ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលពួកគាត់អញ្ជើញមកទស្សនាពិធីបុណ្យអុំទូកនេះ ពិសេសក៏ត្រូវតែត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖