ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើលខណៈដែលមានសមត្ថកិច្ចនគរបាលស្រុកចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) រត់ប្រសេចប្រសាចនិងបានឃាត់ខ្លួនសង្ស័យចំនួន៣នាក់យកទៅសាកសួរ។
ករណីចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់នេះធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារចុះបង្ក្រាបករណីលួចលេងល្បែងខាងលើ។
ប្រភពបន្តថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្ត០១គ្រឿង, ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន ០២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់។
លោកបន្តថាសូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ ៕
ដោយ៖ សុថាន