ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់បើករថយន្តព្រូសបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចស៊ីសGX-470 រងការខូចខាត

ចែករំលែក៖

     ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចសុីសGX- 470 ពីចំហៀងចំកង់ខាងក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តឡិចសុីសដាច់កាឡេកង់ទៅមុខលែងរួច ចំណែករថយន្តតូយ៉ូតា ព្រូស ក៏បែកកង់និងដាច់កាឡេកង់ខាងមុខ ទៅមុខលែងរួចដូចគ្នា។

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្បែរក្លឹបកម្សាន្ត(DOT) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-7247 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចស៊ីស GX- 470  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 AE-0513 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីចំហៀងខាងឆ្វេងកង់ខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសដាច់កាឡេកង់ ទៅមុខលែងរួច ចំណែករថយន្តតូយ៉ូតា ព្រូស បែកកង់និងដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។ 

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយពីបានសម្របសម្រួលគ្នាមួយសន្ទុះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដោយភាគីបង្កនារីរូបស្រស់ បានចេញសំណង ថ្លៃជួសជុលរថយន្តឡិចសុីស GX-470ឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖